លក្ខខណ្ឌចត្តាឡីស័កថ្មី! ក្រោយបើកប្រទេស អ្នកដែលមានលក្ខខណ្ឌទាំងនេះធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ
នាពេលឆាប់ៗខាងមុខនេះ កម្ពុជាអាចនឹងបើកប្រទេសឡើងវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ចាប់ផ្ដើមមានភាពល្អប្រសើរឡើងនៅមួយរយៈចុងក្រោយនេះ។ ក្នុងនោះកាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅ ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន ២លានដូសដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា ផ្អែកលើការធ្លាក់ចុះជាបន្តបន្ទាប់នៃការឆ្លង ការឈឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ កម្ពុជានឹងបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញនៅក្នុងពេលឆាប់ៗនេះ ដោយសារយុទ្ធនាការ ចាក់វ៉ាក់សាំងកំពុងធ្វើយ៉ាងរហ័ស នៅគ្រប់ទីកន្លែង។ ជាមួយគ្នានោះដែរ ខណៈដែលកម្ពុជាអាចនឹងបើកប្រទេសឡើងវិញ ក្រសួងសុខាភិបាលក៏បានចេញលិខិតស្តីពីការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ក្នុងនោះមានអ្នកដំណើរមួយប្រភេទធ្វើចត្តាឡីស័កតែ ៣ថ្ងៃប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលបានចេញផ្សាយថា វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស បុគ្គលិកក្រុមហ៊ុន ទាំងជនជាតិខ្មែរនិងបរទេស មន្រ្តីការទូតមន្រ្តីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រឡប់បំពេញបេសកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុមអាទិភាពនេះ) គឺធ្វើចត្តាឡីស័កតែ ៣ថ្ងៃប៉ុណ្ណោះ ដោយធ្វើតេស្ត PCR តែម្តងគត់នៅច្រកចេញចូលប្រទេស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវធ្វើចត្តាឡីស័កចំនួន ៧ថ្ងៃ ដោយលើកទី១ RDT នៅច្រកចេញចូលប្រទេស(ពេលមកដល់) លើកទី២ PCR(ថ្ងៃទី៦)។ សម្រាប់អ្នកដំណើរមិនបានវ៉ាក់សាំងកូវីដ១៩ ឬមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ គឺត្រូវចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយលើកទី១នៅច្រកចេញចូលប្រទេស(ពេលមកដល់) លើកទី២ PCR(ថ្ងៃទី១៣)៕
No comments:
Post a Comment