ជនដៃដល់វាយតំណាងរាស្ត្របក្សប្រឆាំងបញ្ជូនមកកាន់តុលាការហើយ
ជនដៃដល់ពីរនាក់ (រូបស្ដាំមុខក្រោយ) ក្នុងចំណោម៣នាក់
ពេលបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា
ឆ្នាំ២០១៥។ RFA/Brach Chev
Photo: RFA
កាលពីថ្ងៃទី០៣ ខែវិច្ឆិកា បុរសទាំង៣នាក់នោះ បានចេញមុខសារភាព ថា ពួកគេ ជាអ្នកបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ ប៉ុន្តែពេលពួកគេមកដល់តុលាការ ពុំបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មាននោះទេ។
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងថា បុរស ទាំង៣នាក់នោះ បានចេញមុខសារភាពនៅចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ពីករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រកាលពីថ្ងៃទី២៦ តុលា នៅមុខរដ្ឋសភានោះ។
បុរសទាំង៣រូបនោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ មានលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅពេលបុរសទាំង៣នាក់ ត្រូវបានបញ្ជូនមកដល់តុលាការភ្លាមៗ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ លោក ហូ វ៉ាន ក៏មានវត្តមានឃ្លាំមើលនៅទីនោះដែរ។ ប៉ុន្តែលោកពុំបានធ្វើអត្ថាធិប្បាយអ្វី ដល់អ្នកសារព័ត៌មានឡើយ៕